Thursday, October 5, 2017

គន្លឺះរៀនបានជោគជ័យ មាន៤យ៉ាង


            ឥទ្ធិបាទធម៌ ៤[កែប្រែ]
ឥទ្ធិបាទធម៌ (base mental qualities) ជាគ្រឿងឲ្យសម្រេចផល ។ គុណសម្បត្តិ​ខាង​ផ្លូវ​ចិត្ត​ជា​មូលដ្ឋាន​ទាំង ៤​ ជួយ​នាំ​ទៅ​ដល់​ការ​សម្រេច​និព្វាន​នោះ​គឺ ៖
·         ១- ឆន្ទៈ (intention, purpose, desire, zeal) ការ​ផ្តោត​ចិត្ត​ទៅ​លើ​បំណង​មួយ, សេចក្តីចូលចិត្តស្រឡាញ់ ក្នុងកិច្ចការ ។
·         ២- វិរិយៈ (effort, energy, will) ការ​ផ្តោត​ចិត្ត​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​មួយ, សេចក្តីព្យាយាមប្រកបកិច្ចការ ។
·         ៣- ចិត្តៈ (consciousness, mind, thoughts) ការ​ផ្តោត​ចិត្ត​ទៅ​លើ​​ការ​រលឹក​ដឹង​ស្មារតី, សេចក្តីយកចិត្តទុកដាក់ក្នុងកិច្ចការ​ ។
·         ៤- វីមំសា (investigation, discrimination) ការ​ផ្តោត​ចិត្ត​ទៅ​លើ​ការ​អង្កេត​ស្រាវជ្រាវ, សេចក្តីឧស្សាហ៍ត្រិះរិះពិចារណា រកហេតុផល ក្នុងកិច្ចការ ។
ឥទ្ធិបាទធម៌ (basis for potencies) គឺគុណធម៌ជាគ្រឿង ឲ្យសម្រេចប្រយោជន៍ ។ ក្នុងព្រះពុទ្ធសាសនា ពាក្យថា ឥទ្ធិ សំដៅយក ឬទ្ធិ ខាងផ្លូវចិត្ត ឬ ផ្លូវជំនឿសាសនា ដែលជាគ្រឹះនៃកម្លាំង ។ ក្នុងការស្វែងរកការត្រាស់ដឹង ឥទ្ធិបាទធម៌ ៤ នេះ ជាកម្លាំងឲ្យសម្រេចផលបាន ។ ក្នុងវិរទ្ធសូត្រ នៃ​សុត្តន្តបិដក សំយុត្តនិកាយ មហាវារវគ្គ ឥទ្ធិបាទសំយុត្ត (សៀវភៅ​លេខ ៣៨ ទំព័រ ២៦០ ឬ គម្ពីរ​ព្រះ​ត្រៃ​បិដក​ភាសា​អង់គ្លេស SN 51.2) មានសេចក្តី​ចែង​ថា ៖
[៤៣២] ម្នាល​ភិក្ខុ​ទាំងឡាយ ឥទ្ធិបាទ ៤ ពួក​បុគ្គល​ណា​មួយ​លះបង់​ហើយ អរិយមគ្គ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ ក៏​ឈ្មោះ​ថា​បុគ្គល​ទាំង​នោះ​លះបង់​ដែរ ។ ម្នាល​ភិក្ខុ​ទាំងឡាយ ឥទ្ធិបាទ ៤ ពួក​បុគ្គល​ណា​មួយ​បាន​ប្រារព្ធ​ហើយ អរិយមគ្គ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ ក៏​ឈ្មោះ​ថា​បុគ្គល​ទាំង​នោះ​ប្រារព្ធ​ដែរ ។ ឥទ្ធិបាទ ៤ តើ​ដូច​ម្តេច​ខ្លះ ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ​ ចំរើន​ឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និង បធានសង្ខារ ១ ។ វីរិយសមាធិ ១ ។ ចិត្ត​សមាធិ ១ ។ ចំរើន​ឥទ្ធិបាទ ប្រកប​ដោយ​វិមំសាសមាធិ និង បធាន​សង្ខារ ១ ។ ម្នាល​ភិក្ខុ​ទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួក​បុគ្គល​ណា​មួយ​លះបង់​ហើយ អរិយមគ្គ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ ក៏​ឈ្មោះ​ថា​បុគ្គល​ទាំង​នោះ​លះបង់​ដែរ ។ ម្នាល​ភិក្ខុ​ទាំងឡាយ ឥទ្ធិបាទ ៤ នេះ ពួក​បុគ្គល​ណា​មួយ​ប្រារព្ធ​ហើយ អរិយមគ្គ​ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​អស់​ទុក្ខ​ដោយ​ប្រពៃ ក៏​ឈ្មោះ​ថា​បុគ្គល​ទាំង​នោះ​ប្រារព្ធ​ដែរ ។
មូលដ្ឋាននៃឥទ្ធិបាទ ស្ថិតនៅលើការចម្រើនសមាធិលើ ឆន្ទៈ វិរិយៈ ចិត្តៈ និងវិមំសា ។ ក្នុងធម្មបរិយាយនៃគម្ពីរធម៌ជាច្រើន ឥទ្ធិបាទធម៌នេះគេចម្រើន ជាប់ជាមួយនឹងសម្មប្បធាន ដូចជាការចម្រើនសមាធិ លើឆន្ទៈជាដើម មានសេចក្តីបរិយាយថាៈ
ម្នាលភិក្ខុ! កាលណាភិក្ខុ តាំងនៅស៊ប់ក្នុងសមាធិ មានអារម្មណ៍មូលតែមួយលើឆន្ទៈ នេះហៅថាឆន្ទៈសមាធិ ។ ភិក្ខុនោះបង្កើតឆន្ទៈ ដើម្បីសភាវៈនៃអកុលសធម៌ ដែលមិនទាន់កើតឡើង មិនអាចកើតឡើងបាន ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ភិក្ខុនោះធ្វើឲ្យឆន្ទៈកើតឡើង ដើម្បីបោះបង់ចោល នូវសភាវៈនៃអកុសលធម៌ ដែលបានកើតឡើងហើយ...ដើម្បីសភាវៈនៃកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើងបាន...ដើម្បីរក្សាទុក នូវសភាវៈនៃកុសលធម៌ដែលបានកើតឡើងហើយ កុំឲ្យវិនាសសាបសូន្យទៅ ។ ភិក្ខុនោះប្រារព្ធសេចក្តីប្រឹងប្រែង បង្កើនថាមពល ពង្រឹងទឹកចិត្ត បំពេញសេចក្តីព្យាយាម ។ ទាំងអស់នេះហៅថា វិរិយៈសង្ខារ ។ ដូច្នេះឆន្ទៈនៃភិក្ខុនោះ និងឆន្ទៈសមាធិ និងវិរិយៈសង្ខារ ហៅថាមូលដ្ឋាន សម្រាប់ឬទ្ធិនៃចិត្ត ដែលប្រកបដោយឆន្ទៈសមាធិ និងវិរិយៈសង្ខារ ។ ធម្មបរិយាយពន្យល់អំពី ឥទ្ធិបាទ ៣ ទៀត តាមរបៀបដូចគ្នាដែរ ។

No comments:

Post a Comment